ឯកឧត្តម សាន សំបូរី បញ្ជាក់ថាសាមគ្គីភាពផ្ទៃក្នុង និងការចែករំលែកចំណេះដឹង ជាកម្លាំងចលករជួយមន្ទីរព័ត៌មានខេត្តកណ្តាល សម្រេចទំហំការងារផ្សព្វផ្សាយជាង ១៤ម៉ឺនលើកក្នុងរយៈពេល៩ខែ

វប្បធម៌នៃការចែករំលែកដោយ «អ្នកចេះច្រើនចូលរួមបង្រៀនអ្នកចេះតិច» រួមជាមួយនឹងសាមគ្គីភាពយ៉ាងរឹងមាំរបស់មន្ត្រី ត្រូវបានចាត់ទុកជាកាតាលីករដ៏សំខាន់ ដែលជួយឱ្យមន្ទីរព័ត៌មានខេត្តកណ្តាល សម្រេចបាននូវលទ្ធផលការងារយ៉ាងធំធេងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ។ ការគូសបញ្ជាក់នេះ ធ្វើឡើងដោយ ឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងាររយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តរបស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដោយបានជំរុញបន្ថែមឱ្យមន្ទីរបន្តបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនានាដែលក្រសួងបានបង្កើតឡើង ដើម្បីបំប៉នសមត្ថភាពជាប្រចាំ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ មិនត្រូវសម្ងំរស់នៅក្នុង Comfort zone ពេកនោះទេ គឺត្រូវខិតខំរត់ឱ្យទាន់បច្ចេកវិទ្យាថ្មីៗ ជាពិសេសការចាប់យកចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត រឺហៅថា AI ដើម្បីយកមកបម្រើការងារព័ត៌មានឱ្យកាន់តែភាពល្អ និងទាក់ទាញ។ គួរបញ្ជាក់អោយដឹងដែរថា ចំពោះផ្លែផ្កានៃការពង្រឹងសមត្ថភាព និងសាមគ្គីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈរបាយការណ៍ដែលបង្ហាញដោយ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ដែលបានបង្ហាញថា ត្រឹមរយៈពេល ៩ខែក្នុងឆ្នាំ២០២៦នេះ មន្ទីរផលិតព័ត៌មានបានចំនួន ៧ ៩៨៤ អត្ថបទនិងរូបភាព។ មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយផ្សព្វផ្សាយតាមគ្រប់ទម្រង់ រួមទាំងទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម សម្រេចបានរហូតដល់ ១៤២ ០៩៨ លើក។ លើសពីនេះ ក្រុមការងារក៏បានផលិតវីដេអូព័ត៌មានខ្លី និងកម្មវិធីអប់រំផ្សេងៗបានចំនួន ២ ៣៨៦ វីដេអូ ព្រមទាំងផលិតបទយកការណ៍អំពីសក្តានុពលខេត្តបានចំនួន ៤១ ស្តីពីព្រឹត្តិការណ៍សំខាន់ៗ។ ក្រៅពីការផលិត យន្តការតាមដាន និងឆ្លើយតបព័ត៌មាន ក៏ត្រូវបានអនុវត្តយ៉ាងសកម្មស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតម្រូវឱ្យធ្វើការងារនេះឱ្យដូច «ភ្លៀងរលឹម» ទាន់ពេលវេលា និងត្រូវហេតុការណ៍ ដើម្បីទប់ស្កាត់ការបំភាន់ បំផ្លៃ បំផ្លើស និងព័ត៌មានក្លែងក្លាយ។








