កូរ៉េខាងជើងថ្កោលទោសខ្លាំង៖ អាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ជា «ទង្វើបែបក្រុមបងធំ» មិនអាចអត់ឱនបាន!
កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារួមគ្នាខ្នាតធំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយហៅសកម្មភាពនេះថាជា «ទង្វើបែបក្រុមបងធំ» ឬ «អំពើឈ្លានពានបែប gangster-like» និងជាការរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ខណៈដែលកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពទាល់ច្រក។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីអ៊ីស្រាអែលថា ជាការលុបបំបាត់ «ការគំរាមកំហែងជិតដល់» ពីរបបអ៊ីរ៉ង់។តាមរយៈសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងាររដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឡើងក្រោមការគាំទ្រយ៉ាងសកម្មពីសហរដ្ឋអាមេរិក ហើយសកម្មភាពយោធាបន្តបន្ទាប់របស់វ៉ាស៊ីនតោន គឺជាអំពើឈ្លានពានខុសច្បាប់ទាំងស្រុង និងជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សកម្មភាពទាំងនេះបង្ហាញពី «ធម្មជាតិអាក្រក់ និងបែបក្រុមបងធំ» (gangster-like conduct) របស់អាមេរិក ដែលប្រើកម្លាំងយោធាដើម្បីសម្រេចមហិច្ឆតាផលប្រយោជន៍ផ្ទាល់ខ្លួន និងគោលនយោបាយអធិបតេយ្យ (hegemonic ambitions)។ ពួកគេបានសង្កត់ធ្ងន់ថា «អំពើឈ្លានពានបែបនេះ មិនអាចយកមកធ្វើជាលេសដោះសារបានឡើយ ហើយក៏មិនអាចអត់ឱនឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
